
ការវាយប្រហារភេរវកម្មដោយគ្រឿងផ្ទុះ២កើតមានកាលពីយប់ថ្ងៃទី១១ សីហា នៅទីក្រុងហ៊ួហ៊ីន ប្រទេសថៃ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស២១នាក់ ក្នុងនោះមានពួកអ្នកទេសចរបរទេសផង ។ ការវាយប្រហារនេះកើតមានជិតមួយឆ្នាំក្រោយការវាយប្រហារនៅក្រុងបាងកក បណ្តាលឱ្យមនុស្សស្លាប់២០នាក់ ។
យោងតាមប៉ូលិសមូលដ្ឋានថា គ្រាប់បែក២គ្រាប់បានផ្ទុះចន្លោះពេលគ្នា៣០នាទី ហើយឃ្លាតពីគ្នាត្រឹម៥០ម៉ែត្រ ក្នុងតំបន់មួយជិតមាត់សមុទ្រដែលមានបារ និងភោជនីយដ្ឋានជាច្រើននិយមចូលដោយពួកអ្នកទេសចរ ។ ស្ត្រីអ្នកលក់ដូរចល័តជនជាតិថៃម្នាក់បានត្រូវស្លាប់ក្នុងការផ្ទុះទីមួយ ដែលកើតមាននាវេលាម៉ោង២២ម៉ោងក្នុងស្រុក ហើយមនុស្ស២១នាក់រងរបួស ក្នុងនោះមានជនបរទេស៧នាក់ នារី៤នាក់ និងបុរស៣នាក់ ដែលរួមមានជនជាតិហូឡង់២នាក់។ ពួកអ្នករបួសដែល៣នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហ៊ួហ៊ីនជាកន្លែងកម្សាន្តមាត់សមុទ្រមួយស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រ ខាងត្បូងក្រុងបាងកក ។
បណ្តាសារព័ត៌មានក្នុងស្រុកបានចេញផ្សាយរូបភាពនានានៃអ្នកទេសចរបរទេសដែលរងរបួសនៅមន្ទីរពេទ្យ ។
រួចនាព្រឹកថ្ងៃទី១២ សីហា មានការផ្ទុះ២ទៀតនៅហួ៊ហ៊ីន បណ្តាលឱ្យមនុស្សម្នាក់ទៀតស្លាប់ ។ សរុបរវាងថ្ងៃទី១១ទៅ១២ សីហា គ្រាប់បែក១១គ្រាប់ផ្ទុះនៅខេត្ត៥ភាគខាងត្បូងផែ ពិសេសកន្លែងកម្សាន្តមាត់សមុទ្រហួ៊ហ៊ីន និងភូកេត ។ នៅក្រុងស៊ូរា៉តថា នីស្ត្រី និយោជិតក្រុងម្នាក់ស្លាប់ ដោយការផ្ទុះគ្រាប់បែក រីឯនៅភូកេត ការផ្ទុះបណ្តាលឱ្យមនុស្សម្នាក់របួសស្រាល ។
ការបំផ្ទុះគ្រាប់បែកទាំងនេះពុំទាន់មានខាងណាប្រកាសទទួលខុសត្រូវនៅឡើយ ក៏ប៉ុន្តែនៅថៃជារឿយៗកើតមានជម្លោះផលប្រយោជន៍រឿងរកស៊ី និងជម្លោះនយោបាយដែលនាំឱ្យមានការគប់គ្រាប់បែក ឬគ្រឿងផ្ទុះឯទៀតៗ ក៏ប៉ុន្តែប៉ូលិសក៏ពុំបដិសេធសេណារីយ៉ូណាមួយដែរ ។
ប្រមុខប៉ូលិសមូលដ្ឋានលោក SITTHICHAI SRISOPACHAROENRAT ថ្លែងប្រាប់ AFP ថា ការស៊ើបអង្កេតកំពុងធ្វើដើម្បីបំភ្លឺពីប្រភេទនៃគ្រាប់បែក និងពីមូលហេតុនៃការវាយប្រហារនេះ ។
ហ៊ួហ៊ីនជាតំបន់កម្សាន្តមាត់សមុទ្រមួយនិយមទៅ ដោយពួកអ្នកទេសចរបរទេស ហើយជនជាតិថៃក៏និយមទៅលេងនៅទីនោះដែរ ។ រួចនាយប់ថ្ងៃទី១១ សីហា មានមនុស្សទៅច្រើនកុះករជាមួយថ្ងៃសុក្រ ទី១២ សីហា ជាទិវាចម្រើនព្រះជន្មព្រះមហាក្សត្រីយានីថៃ ។ នៅហ៊ួហ៊ីនពិសេសនៅតាមមាត់សមុទ្រមានសណ្ឋានអន្តរជាតិធំៗ ព្រមទាំងបារ និងក្លិបរាត្រីជាច្រើន ហើយនៅទីនោះមានព្រះរាជដំណាក់របស់គ្រួសាររាជវង្សផង ។
ការវាយប្រហារភេរវកម្មសំខាន់មួយនាពេលមុននេះនៅថៃកើតមានកាលពីខែសីហា ឆ្នាំ២០១៥ បណ្តាលឱ្យមនុស្សស្លាប់២០នាក់ ក្នុងនោះមានអ្នកទេសចរជនជាតិចិនច្រើននាក់ពេលគ្រាប់បែកមួយគ្រាប់ផ្ទុះនៅកណ្តាលក្រុងបាងកក ។ រួចកាលពីខែមេសា ឆ្នាំ២០១៥ រថយន្តផ្ទុកគ្រឿងផ្ទុះមួយបានផ្ទុះនៅចំណតរថយន្តមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែងលើកោះសាមុយ បណ្តាលឱ្យមនុស្សរបួសស្រាល៧នាក់ក្នុងនោះមានយុវនារីជនជាតិអីុតាលីម្នាក់។
ប្រទេសថៃដោយក្នុងមួយឆ្នាំៗទទួលអ្នកទេសចរជាច្រើនលាននាក់នោះពុំគេចផុតពីការវាយប្រហារភេរវកម្មនានាឡើយ ។ រួចតំបន់ដែលតាមធម្មតាកើតមានការផ្ទុះគ្រាប់បែកច្នៃញឹកញាប់នោះ គឺតំបន់ចុងខាងត្បូងថៃ ជាប់ព្រំដែនជាមួយម៉ាឡេស៊ី ។
របបយោធាថៃសង្ឃឹមខ្លាំងលើផ្នែកទេសចរណ៍ ដើម្បីជំរុញសេដ្ឋកិច្ច ហើយរំពឹងថា ក្នុងឆ្នាំ២០១៦ ទទួលភ្ញៀវទេសចរដល់ទៅ៣២លាននាក់ ៕

ប្រភព:https://kohsantepheapdaily.com.kh/article/149473.html
No comments:
Post a Comment