
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩និង១០នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានករណីរថយន្តមួយគ្រឿង បើកលឿនគេចម៉ូតូឆ្លងថ្នល់ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់២កង់ និងខូចទ្រង់ទ្រាយអស់២កង់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមានរថយន្តមួយគ្រឿងម៉ាក IZUSU ពាក់ស្លាកលេខខេមរភូមិន្ទ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខណៈនោះបានគេចនឹងម៉ូតូមួយគ្រឿងបានឆ្លងថ្នល់ បណ្ដាលឲ្យរេចង្កូតទៅឆ្វេងជ្រុលទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២ផ្ទាំង និងខូចទ្រង់ទ្រាយអស់២ផ្ទាំង ហើយរថយន្តក៏ជ្រុលល្បឿនឡើងរបាំងថ្ម។
ស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្ត Rav4 មួយគ្រឿងដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បានប៉ះនឹងរបាំងថ្មដែលបានខ្ទាតនោះ បណ្ដាលឲ្យបែកកង់ផ្នែកខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះដែរគេសង្កេតឃើញបុរសដែលបើកបររថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ចុះពីលើរថយន្តគេចខ្លួនបាត់តែម្ដង។ ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅកាន់ ចរាចរណ៍រាជធានី ដើម្បីរង់ចាំដោះស្រាយនៅពេលបន្ទាប់៕



ប្រភព:https://kohsantepheapdaily.com.kh/article/149491.html
No comments:
Post a Comment