
រាជធានីភ្នំពេញ ៖ សំណង់ជារោង និងខ្យូសរបស់ភោជនីយដ្ឋានដែលសង់លយចូលទៅលើផ្ទៃទឹកទន្លេមេគង្គ ដោយអត់ច្បាប់ និងមិនព្រមរុះរើដោយខ្លួនឯង តាមកិច្ចសន្យា ត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វា ប្រើវិធានការក្តៅចុះទៅកាត់ និងរុះរើកាលពីព្រឹកថ្ងៃទី១១ សីហា ។
សំណង់សង់លើទឹកដែលមិនគោរពកិច្ចសន្យានោះ ត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វាឱ្យដឹងថា មានភោជនីយដ្ឋាន៤ទីតាំង ។ ទោះបីជាយ៉ាងណានៅព្រឹកថ្ងៃទី១១ សីហា អាជ្ញាធរ បានប្រើម៉ាស៊ីនត្រង់សឺន័រកាត់រុះរើបានតែភោជនីយដ្ឋាន «ទន្លេមាស» មួយសិន ហើយនឹងបន្តរុះរើភោជនីយដ្ឋានចំនួន៣ទៀត ជាបន្តបន្ទាប់ ។
លោក ហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វា បានឱ្យដឹងថា សំណង់ភោជនីយដ្ឋាន ទាំង៤ដែលត្រូវរុះរើនៅពេលនេះ ពុំមានច្បាប់អនុញ្ញាតនោះទេ ដែលបានសង់លើផ្ទៃទឹក ជាហេតុធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងទន្លេ និងបំពុលបរិស្ថានទឹក ។ សំណង់ទាំងនេះក្នុងចំណោមសំណង់លើទឹកចំនួន៩ ដែលបានធ្វើកិច្ចសន្យាថា នឹងរុះរើដោយខ្លួនឯង តែរហូតមកដល់ថ្ងៃកំណត់មិនបានរុះរើ ទើបអាជ្ញាធរប្រើវិធានការជាក់ស្តែងចុះទៅរុះរើតែម្តង ។
លោកអភិបាលរងបានឱ្យដឹងទៀតថា កន្លងមកអាជ្ញាធរខណ្ឌជ្រោយចង្វា បានធ្វើលិខិតជួនដំណឹងជាបន្តបន្ទាប់ ជាច្រើនមកហើយតែម្ចាស់មិនស្តាប់តាមការណែនាំ នៅតែបន្តសង់ ។
លោកអភិបាលរងបានបញ្ជាក់ថា នៅថ្ងៃទី២២ មិថុនា អាជ្ញាធរបានចុះទៅរើសំណង់ភោជនីយដ្ឋានសង់លើផ្ទៃទឹកចំនួន៩ទីតាំង សំណង់ខ្លះត្រូវបានអាជ្ញាធររុះរើ ខ្លះទៀតម្ចាស់ ក៏បានសុំរុះរើដោយខ្លួនឯង និងបានធ្វើកិច្ចសន្យា មានខ្លះសុំរយៈពេល១០ថ្ងៃ និងខ្លះរយៈពេលកន្លះខែ ។
ដោយមានការយោគយល់អាជ្ញាធរក៏បានឯកភាពធ្វើកិច្ចសន្យា នៅចំពោះមុខលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅពេលដល់ថ្ងៃកំណត់ ម្ចាស់មួយចំនួនបានរុះរើដោយខ្លួនឯង នៅសល់តែ៤ទីតាំងខាងលើ មិនគោរពតាមកិច្ចសន្យា ហើយផ្គើននឹងអាជ្ញាធរទៀតផង ។
ដោយឡែក ភោជនីយដ្ឋានទន្លេមាស ដែលអាជ្ញាធររុះមុនគេ គឺពុំមានច្បាប់ធ្វើអាជីវកម្ម និងច្បាប់ទីតាំងឡើយ មិនតែប៉ុណ្ណោះសង់រំលោភច្រាំងទន្ល និងលយចូលលើផ្ទៃទឹកទៀត ។ អាជ្ញាធរខណ្ឌអះអាងថា វិធានការក្តៅរបស់អាជ្ញាធរនេះ គឺដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅតាមដងទន្លេ ។
គួរបញ្ជាក់ថា នៅក្នុងខណ្ឌជ្រោយចង្វា មានអាហារដ្ឋាន ភោជនីយដ្ឋាន សរុបទាំងអស់១៦៣ទីតាំង ហើយត្រូវក្រុមមន្ត្រីប្រាប់ថា អត់ច្បាប់ស្ទើតែទាំងអស់ ហើយភាគច្រើនបានសាង សង់ធ្វើជារោង និងខ្យូស នៅតាមមាត់ទន្លេមេគង្គ ដែលខ្លះមានលក្ខណៈបិតបាំងដែលអាចបង្កការងាយស្រួលក្នុងការប្រព្រឹត្តិបទល្មើស និងអំពើអនាចារផងដែរ ៕


ប្រភព:https://kohsantepheapdaily.com.kh
No comments:
Post a Comment