
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បន្ទាប់ពីមានចុះផ្សាយពីករណីចុះបង្ក្រាបកន្លែងកុងស៊ីមួយកន្លែង មានយីហោ «ប្រាក់ ម៉ាលី» ឬហៅថារតន៍ នោះ នាព្រឹកថ្ងៃទី១០ សីហា ២០១៦ បន្ទាប់ត្រូវធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីលោកអធិការខណ្ឌពោធិ៍សែនជ័យ យឹម សារ៉ាន់ និងមានការចូលរួមពីព្រះរាជអាជ្ញារងលោកសេង ហៀង មកនោះ ត្រូវបែកធ្លាយថា ជារឿង ប្រឌិតរបស់ម្ចាស់ម៉ូតូទេ ដែលប្តឹងថា ត្រូវចោរប្លន់ម៉ូតូ ។
ប្រភពឱ្យដឹងថា បុរសជាម្ចាស់ម៉ូតូឈ្មោះនីតា ពណ្ណរាយ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
បុរសជាម្ចាស់ម៉ូតូឆ្លើយសារភាពថា ការពិតខ្លួនមិនបានត្រូវចោរប្លន់នោះទេ គឺខ្លួនយកម៉ូតូទៅដាក់បញ្ចាំដោយខ្លួនឯង រួចប្រើល្បិចថា ត្រូវចោរប្លន់ ដោយមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ ។ ជននោះបន្តថា មូលហេតុដែលខ្លួនធ្វើបែបនេះ គឺដោយសារខ្លួនបានចាញ់ល្បែង និងរកស៊ីខាតដើមអស់លុយពីខ្លួន ទើបធ្វើល្បិចបែបនេះ ដើម្បីបានលុយវិញ កុំឱ្យម្តាយស្តីបន្ទោសខ្លួន ។ តែទោះបីជាយ៉ាងណា យុវជនជាម្ចាស់ម៉ូតូនេះ ត្រូវគេដឹងថា ជាមនុស្សងប់នឹងល្បែងបំផុត ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ សីហា នោះ កម្លាំងសមត្ថកិច្ចបានចុះទៅឆែកនៅកុងស៊ីមួយកន្លែងយីហោ «ប្រាក់ ម៉ាលី» ហៅថារត៍ ស្ថិតនៅផ្ទះលេខ11A, ផ្លូវលេខ២០២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការស្រាវជ្រាវរហូតចុះឆែកឆេរភ្លាមៗ ។
ក្នុងនោះ បានឃាត់ខ្លួនបុរស២នាក់ជាម្ចាស់ទិញលក់ ឈ្មោះហុង វណ្ណា អាយុ៥៤ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា និងម្នាក់ទៀតឈ្មោះសុង សុជាតិ អាយុ៣៨ឆ្នាំ មានផ្ទះលេខ៤៨៥ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រួមទាំងវត្ថុតាងម៉ូតូ ដែលម្ចាស់បានយកមកដាក់បញ្ចាំនៅហាងខាងលើ ធុនC125 ពាក់ស្លាកលេខ 1AY-4444 ដែលបំភ្លៃថា ត្រូវចោរប្លន់នោះ ។



ប្រភព:https://kohsantepheapdaily.com.kh
No comments:
Post a Comment