
រាជធានីភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានបង្កើតគណៈកម្មការស្រមោលចំនួន១០ ដែលគណៈកម្មការនេះមានលក្ខណៈដូចនឹងគណៈកម្មការទាំង១០របស់រដ្ឋសភាដែរ ។ លោក សុន ឆ័យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៩ សីហា នៅស្នាក់ការកណ្តាលគណបក្សថា គណៈកម្មការជំនាញ ទាំង១០ ត្រូវបានបង្កើតឡើងរយៈពេលបីខែមកហើយ ក្រុមជំនាញ ឬគណៈកម្មការមានលក្ខណៈដូចគ្នានឹងគណៈកម្មការជំនាញទាំង១០របស់គណៈកម្មការទាំង១០របស់រដ្ឋសភាដែរ។
លោកបានបញ្ជាក់ថា ក្រុមជំនាញនេះយើងបានបង្កើតឡើ៣ខែហើយ ក្រុមជំនាញនេះមាន ឈ្មោះមិនខុសគ្នានឹងគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភាទេ ។ បំណងដែលយើងបង្កើតក្រុមជំនាញ ហើយឈ្មោះក៏ដូចគ្នានឹងគណៈកម្មការជំនាញទាំង១០រដ្ឋសភានោះ គឺមានការចាប់ផ្តើមមួយ ឬដំណាក់កាលដំបូងមួយដែលធ្វើឲ្យក្រុមអ្នកជំនាញក្នុងគណបក្សអាចធ្វើការស្រាវជ្រាវផ្នែកបច្ចេកទេសលើវិស័យទាំងឡាយ ដែលមាននៅក្នុងប្រទេសកម្ពុជាយើង ។ ជាងនេះក្នុងគោលបំណងត្រៀមខ្លួនតាមកាលៈទេសៈដែលជិតមកដល់ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងគ្រប់គ្រងប្រទេស ។
ការបង្កើតគណៈកម្មការស្រមោលនោះត្រូវបានលោក សុន ឆ័យ បានលើកឡើងថា គណៈកម្មការនេះត្រូវយល់ឲ្យច្បាស់ពីតួនាទីធ្វើការតាមដាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីដឹកនាំប្រទេសនោះ។ ដូច្នេះពេលនេះយើងរៀបចំ តែចំនួន១០សិន ហើយយើងនឹងរៀបចំបំបែកផ្នែកតូចៗទៀត បើមានការចាំបាច់ ។
លោកគូសបញ្ជាក់ថា គណៈកម្មការទាំង១០ បានធ្វើការស្រាវជ្រាវលើវិស័យទាំងឡាយដែលកើតមាននៅក្នុងក្រសួងទាំងអស់ក្នុងប្រទេសយើង ឧទារហណ៍ៈ វិស័យសុខាភិបាលដែលជាប់ពាក់ព័ន្ធនឹងការខ្វះខាត ដែលក្រសួងមិនបានបំពេញ ឬផ្តល់សេវាជូនប្រជាពលរដ្ឋ ។ យើងនឹងសិក្សាលើវិស័យអប់រំ វិស័យកសិកម្ម និងវិស័យជាច្រើនទៀត ។
ជាមួយគ្នានោះដែរលោក សុន ឆ័យ បានលើកឡើងថា គណៈកម្មការស្រមោលនោះមិនបានរំសាយចោលទេ ព្រោះថាគណបក្សសង្គ្រោះជាតិបង្កើតនោះដើម្បីបង្កើតជារដ្ឋាភិបាលស្រមោលមួយ ។ លោកថា រដ្ឋាភិបាលស្រមោលត្រូវទទួលរងការចោទប្រកាន់ ដោយមិនសមហេតុផល។ រដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលត្រៀម គឺជារដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងជាទូទៅនៅក្នុងប្រទេសមួយដែលកាន់របបលទ្ធិប្រជាធិបតេយ្យបែបសភានិយម ។
យើងចាញ់ឆ្នោតក៏នៅតែត្រៀម ដូចគេហៅថារដ្ឋាភិបាលឧទាហរណ៍ ដែលសម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងកន្លងមក ។ ប៉ុន្តែនៅពេលដែលយើងឈ្នះឆ្នោត អ្នកដែលត្រៀមនោះ នឹងក្លាយជារដ្ឋមន្ត្រី ។ យើងមិនអាចបំពេញកាតព្វកិច្ចជូនជាតិដែលយើងមិនបានគិតគូរពីពេលនេះនោះទេ ។ លោកបានលើកឡើងទៀតថា គណៈកម្មការត្រៀមទាំង១០ នៅពេលឈ្នះ អ្នកទាំងនោះនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រី ប៉ុន្តែអ្នកទាំងនោះនៅតែជាគ្រូជំនាញដល់ក្រសួងទាំងឡាយ ដែលគណបក្សសង្គ្រោះជាតិដឹកនាំដដែល ។
លោក សុន ឆ័យ បានឲ្យដឹងដែរថា គណៈកម្មការទាំង១០នោះមិនទាន់មានធ្វើនៅតាមក្រសួងនានានៅពេលបច្ចុប្បន្ននោះទេ ។ ប៉ុន្តែធ្វើឲ្យស្របគណៈកម្មការទាំង១០រដ្ឋសភា ដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូរផ្តល់យោបល់នៅពេលសមាជិកគណៈកម្មការដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ ត្រូវការនោះ យើងនឹងរៀបចំគោលនយោបាយជូន ។ ក្នុងសន្និសីទនោះដែរ លោក សុន ឆ័យ បានលើកឡើងផងដែរថា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិទាំងអស់មិនដែលគិតពីបញ្ហាប្រាក់ខែនោះទេ ។
លោក សុន ឆ័យ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៩ ខែសីហា នៅស្នាក់ការបក្សបានបញ្ជាក់ថា សមាជិកសភាយើងមិនដែលគិតពីបញ្ហាប្រាក់ខែនោះទេ ។ ដូចដែលយើងដឹងហើយថា កាលពីសមាជិកសភាទាំងអស់មិនចូលប្រជុំសភាគឺធ្វើពហិការ ក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣មកចំនួនជិត១១ខែ យើងមិនបានទទួលប្រាក់ខែមួយរៀលទេ ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិយើងបានឈរលើគោលការណ៍ ក្នុងនោះសមាជិកសភាទាំង៥៥រូប និងសមាជិកព្រឹទ្ធសភាទាំង១១រូប មកពីគណបក្ស សម រង្ស៊ី ផងគឺយើងយកផលប្រយោជន៍ប្រទេសជាតិជាធំជាងគណបក្ស និងយកផលប្រយោជន៍បក្សធំជាងរឿងផ្ទាល់ខ្លួន៕
ប្រភព:https://kohsantepheapdaily.com.kh
No comments:
Post a Comment