
រាជធានីភ្នំពេញ ៖ អ្នកនាងស្វែង សុជាតា ដែលបានធូរស្បើយពីជំងឺដុះសាច់ក្នុងខួរក្បាលនោះ បានងាកមកចាប់អាជីពសម្តែងវិញ ។ ជាក់ស្តែងពេលនេះស្វែង សុជាតា កំពុងត្រៀមបញ្ចេញស្នាដៃសម្តែងថ្មីជាមេជួញដូរគ្រឿងញៀនដែលចាំបាច់ត្រូវចេះជំនាញ់វាយតប់ និងបាញ់កាំភ្លើង ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានកាលពីពេល ថ្មីៗកន្លងមក អ្នកនាងស្វែង សុជាតា ឲ្យដឹងថាសម្រាប់ការងារសិល្បៈ គឺនាងកំពុងថតចំនួន៤រឿង ។ ពេលនេះនាងកំពុងតែពិចារណាតម្លៃនៃការថតរឿងមួយដែលខាងបស្ចិមប្រទេសទាក់ទង ។ តម្លៃនោះគឺនាងដាក់ក្នុងកម្រិតមួយគួរសម ហើយគេកំពុងតែពិចារណា។ ឆ្នាំ២០១៧នាងនឹងមានស្នាដៃអស្ចារ្យមួយទៀតពិតជាកក្រើក ហើយពេលនេះគេចង់បាននាងថត ប៉ុន្តែអាស្រ័យលើការចរចាតម្លៃគ្នា ។ នាងកំពុងតែត្រៀមថតខ្សែភាពយន្តថ្មីនោះដោយមាន៦ជាតិសាសន៍ចូលរួម ។ បើសិនជាតម្លៃត្រូវគ្នា គឺនាងដើរតួជានារីមេជួញដូរគ្រឿងញៀន៦ប្រទេស។ តួអង្គនោះចាំបាច់នាងត្រូវចេះបាញ់កាំភ្លើង ចេះជិះម៉ូតូធំ ។ ៦ប្រទេសដែលថតនោះមានភូមា ថៃ វៀតណាម ចិន ឥណ្ឌូណេស៊ី និងអាចមានប្រទេសអង់គ្លេស ។
ស្វែង សុជាតា មានជំនឿថា នាងនឹងជាប់ជម្រើសក្នុងការចូលរួមសម្តែងនោះ ប៉ុន្តែតម្លៃមិនទាន់ត្រូវគ្នា ។ មូលហេតុដែលនាងជាប់ការថតខ្សែភាពយន្តពិសេសនេះ ព្រោះគេយោងទៅលើស្នាដៃដែលនាងសម្តែងជូនអ្នកស្រីអេនចេលីណា ជោលី កន្លងទៅ ដូច្នេះគេរើសយកស្វ័យប្រវត្តិដោយមិនបាច់ធ្វើតេស្តទៀតទេ ។
រឿងថ្មីនេះដឹកនាំដោយប្រទេសចិនដែលមានកម្រិតហូលីវូដ ហើយបានមកសួរនាំអ្នកនាងស្វែងសុជាតា ប៉ុន្តែត្រង់ថាជារឿងអ្វីពិតប្រាកដនោះមិនទាន់បានទេ គ្រាន់តែរឿងនោះនិយាយពីការជួញដូរគ្រឿងញៀន ។ អ្វីដែលប្លែកនាងខំហ្វឹកហាត់បន្តទៀត ដោយយោងទៅលើការណែនាំគេតម្រូវឲ្យនាងរក្សាទម្ងន់ត្រឹម៤៧ ឬ៤៨គីឡូក្រាម ដើម្បីងាយស្រួលក្នុងការស្លៀកពាក់រឹប ឬសម្លៀកបំពាក់ស្បែក ដោយតួស្រីនោះតែងតួច្រើនសណ្ឋាន ។ ចំពោះការថត គឺពេញមួយឆ្នាំដោយនឹងដាក់បញ្ចាំងពេញពិភពលោកតែម្តង។
កត្តាដែលអ្នកនាងស្វែង សុជាតា ទាមទារតម្លៃបែបតឹងតែងនេះ ព្រោះនាងត្រូវគិតឲ្យច្បាស់សិន ព្រោះនាងបានចេញគោលការណ៍ថាឲ្យតែនាងបានថតកុនមានតម្លៃខ្លួនខ្ពស់ នាងនឹងយកប្រាក់មួយចំណែកខ្លះដើម្បីជួយដល់កម្មវិធីសប្បុរសធម៌ផង និងជួយដោះស្រាយបន្ទុកកុមារកំព្រា ក៏ដូចជាអាចជួយដល់ផ្នែកកាកបាទក្រហមកម្ពុជាខ្លះផងដែរ ។ ចំពោះរឿងថតឲ្យហូលីវូដ មុនៗនោះបានត្រឹមតែធ្វើឲ្យធូរស្រាលក្នុងជីវិតប៉ុណ្ណោះ បន្ទាប់ពី អ្វីៗបានធ្លាក់ដល់ចំណុចសូន្យ ។
អ្នកនាងស្វែង សុជាតា ប្រាប់គេថា នាងមានជំងឺមិនទាន់ជាដាច់ទេ តែគេថាមិនអីទេ ដោយរើសយកពេលថតវែង គឺពេញមួយឆ្នាំដើម្បីបានពេលខ្លះនាងសម្រាកច្រើន ។ គេត្រូវការទម្រង់មុខ និងចរិតលេងបែបធម្មជាតិ ពិតៗ ដូច្នេះហើយទើបគេតម្រង់ឆ្ពោះមកនាងខ្លាំង ។
អ្នកនាងស្វែង សុជាតា លេចធ្លោក្នុងពិភពសម្តែងភាពយន្តមានការគាំទ្រពីទស្សនិកជនតាមរយៈរឿង «មរណមាតា», រឿង«ផ្កាដុះលើថ្ម», រឿង «ទឹកចិត្តគ្រូបង្រៀន», រឿង «នាងលាចនាងលក្ខណ៍», ។ នាងទទួលបានពានរង្វាន់ថាសមាសក្នុងរឿង «មរណមាតា» សម្រាប់តួឆ្នាសជាងគេឆ្នាំ២០០៦ ។ សម្រាប់ឆ្នាំ២០១៦នេះស្នាដៃអ្នកនាងសុជាតា មានរឿង «កែវភ្នែក» រឿង «បណ្តាសាអថ័នវគ្គពីរ» និងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ៕




ប្រភព:https://www.khmerload.com/news/51552
No comments:
Post a Comment